កិច្ចពិភាក្សាលើការគ្រប់គ្រងការងារវិនិយោគលើវិស័យទេសចរណ៍ សម្រាប់ខេត្តស្ទឹងត្រែង។

ដើម្បីឲ្យការគ្រប់គ្រងការងារវិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង​ ឲ្យបានកាន់តែ​​ល្អប្រ​សើរ​​​មួយកម្រិតទៀតនោះ នាយកដ្ឋានផែនការ វិនិយោគ និងអភិវឌ្ឍផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានសហការណ៍ជាមួយមន្ទីរទេសចរណ៍ខេត្ត ស្នើសុំជួបប្រជុំពិភាក្សាជាមួយទីចាត់ការផែនការនិងវិនិយោគឃុំ សង្កាត់ លើការសិក្សាស្រាវជ្រាវអំពីតំបន់សក្តានុពលទេសចរណ៍ក្រោមការដឹកនាំដោយ  លោក យិន ណាតប្រធាននាយកដ្ឋានផែនការ វិនិយោគ និងអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍។
បន្ទាប់ពីការជួបពិភាក្សាគ្នា ដោយជជែកវែកញែក ទៅលើតំបន់សក្តានុពលទេសចរណ៍ដែលមាននៅក្នុងខេត្តស្ទឹងត្រែង លោក យិន ណាត ប្រធាននាយកដ្ឋានផែនការ វិនិយោគ និងអភិវឌ្ឍផលិតផលទេសចរណ៍លើកឡើងថា ចំពោះការអភិវឌ្ឍន៍តំបន់សក្តានុពលទេសចរណ៍មានច្រើន ប៉ុន្តែក្រសួងទេសចរណ៍បានចែកចេញជា ៤តំបន់ធំៗគឺ
១.តំបន់សក្តានុពលទេសចរណ៍នៅភ្នំពេញ
២.តំបន់សក្តានុពលទេសចរណ៍នៅខេត្តសៀមរាប
៣.តំបន់សក្តានុពលទេសចរណ៍នៅតំបន់ឆ្នេរ
៤.តំបន់សក្តានុពលនៅភូមិភាពឥសាន្ត។
លោកក៏បានបន្តទៀតថា តំបន់សក្តានុពលទាំងនេះ សុទ្ធសឹងតែអាចទាក់ទាញភ្ញៀវទេសចរ និងអាចផ្តល់ចំណូលដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប៉ុន្តែអ្វីដែលសំខាន់នោះ យើងមិនទាន់គ្រប់គ្រងបានល្អទៅលើតំបន់សក្តានុពលទាំងនោះបាននៅឡើយ ។ ទន្ទឹងនឹងនោះ ក្នុងនាមយើងជាអ្នកគ្រប់គ្រងលើវិស័យនេះ  ទាមទារឲ្យយើងមានការរួមសហការណ៍គ្នា ដើម្បីធ្វើការងារនេះទាំងអស់គ្នា ។ លោក កែវ សំអុល នាយករងទីចាត់ការផែនការ និងវិនិយោគឃុំ សង្កាត់ បានលើកឡើងថា៖ ជារៀលរាល់ឆ្នាំ ទីចាត់ការផែនការ និងវិនិយោគតែតែងរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ទៅលើការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់ ។ ហើយកម្មវិធីនេះ គ្រប់ឃុំ សង្កាត់ទាំងអស់ ត្រូវរៀបចំផែនការសកម្មភាព និងផែនការថវិកា ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ បន្ទាប់ពីឃុំ សង្កាត់ទាំងអស់ បានរៀបចំរួចរាល់ហើយ គឺយើងមានការរៀបចំជាសិក្ខាសាលាសមាហរណៈកម្ម ដែលនៅពេលនោះ គ្រប់ឃុំ សង្កាត់ ត្រូវបានយកផែនការ ឬគម្រោងរបស់ខ្លួន មកតាំងបង្ហាញដើម្បីស្វែងរកការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ឬអង្គការអភិវឌ្ឍន៍នានា។ លោកក៏បានបន្តផងដែរថា តាមពិតនៅស្ទើរតែគ្រប់ឃុំ សង្កាត់ ទាំងអស់នៅក្នុងខេត្តស្ទឹងត្រែងមានតំបន់សក្តានុពលទេស​ចរណ៍ជាច្រើន ទន្ទឹងនឹងនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏តែតែងលើកគម្រោងសកម្មភាពទាក់ទងនឹងការអភិឌ្ឍន៍តំបន់ទេសចរណ៍នេះដែរ នៅពេលសមាហរណៈកម្មម្តងៗ ។ ខ្ញុំមានការត្រេកអរមែនតែន ដែលខាងក្រសួង ឬមន្ទីរទេសចណ៍បានមកជួបប្រជុំ និងពិភាក្សាអំពីបញ្ហាទេសចរណ៍នេះ។ លោកក៏បានបន្តទៀតថា អ្វីដែលខ្ញុំបានលើកឡើងកន្លងមកនេះ មិនមែននៅតាមមូលដ្ឋានឃុំ សង្កាត់ មិនចាប់អារម្មណ៍លើបញ្ហាទេសចរណ៍នោះទេ កន្លងមកមានឃុំ សង្កាត់ចំនួន ៣ បានយកថវិកាឃុំ សងា្កត់ផ្ទាល់ទៅសាងសងផ្លូវចូលទៅតំបន់ទេសចរណ៍ដូចជា៖ ឃុំអូរឬស្សីកណ្តាល ឃុំអូរម្រះ និងសង្កាត់ស្រះឬស្សីជាដើម។
លោក កាន់ សាវុធ ប្រធានការិយាល័យផែនការ និង វិនិយោគ បានបញ្ជាក់បន្ថែមថា មុននឹងមានសិក្ខាសាលាសមាហរណៈកម្ម​ នៅគ្រប់ឃុំ សង្កាត់ទាំងអស់រៀបចំកម្មវិធីវិនិយោគរបស់ខ្លួន នៅពេលនោះស្ថាប័នពាក់ព័ន្ធ ឬ អង្គការដៃគូរអាចចូលរួមជាមួយពួកគាត់ ដោយលើកយកគម្រោងអភិវឌ្ឍន៍របស់ខ្លួនដែលមាន​​ដាក់បញ្ចូលក្នុងគម្រោងរបស់ឃុំ សង្កាត់នោះ ដើម្បីឲ្យគម្រោងនោះ មាននៅក្នុងគម្រោងរបស់ឃុំ​ សង្កាត់។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍បានលើកឡើងថា ចំពោះការអភិវឌ្ឍន៍តំបន់ទេសចរណ៍នីមួយៗ ចាំបាច់ត្រូវមានការរៀបចំផែនការអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ ជាក់ស្តែងដូចនៅជួរវែង ឃុំអូរម្រះ និងជំនោរពុ នៅឃុំកំភុន គឺយើងបានរៀបចំប្លង់អភិវឌ្ឍន៍រួចរាល់ហើយ នៅចាំតែពេលវេលាក្នុងការអនុវត្ត និងការរៀបចំដើម្បីឲ្យមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ។ លោកក៏បានបន្តទៀតថា ចំពោះការអភិវឌ្ឍន៍យើងត្រូវចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ ទាំងផ្នែកឯកជន និងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រោះថាអ្វីទាំងអស់នេះ វាជាផលប្រយោជន៍ទាំងអស់គ្នា។ ចំណែកឯផ្នែកឯកជន មុននឹងគេ ធ្វើការអភិវឌ្ឍន៍តំបន់ណាមួយ គេក៏ត្រូវការភាពច្បាស់លាស់ផងដែរ មិនមែនចេះតែធ្វើទៅតាមអ្វីដែលយើងចង់នោះដែរ។  
លទ្ធផលសម្រេចចុងក្រោយ៖
ទីចាត់ការផែនការ និងវិនិយោគឃុំ សង្កាត់ នឹងរៀបចំគម្រោងសកម្មភាពទាក់ទងផ្នែកទេសចរណ៍ដែលបានលើកឡើងនៅតាមឃុំ សង្កាត់នីមួយៗទូទាំងខេត្តជូនទៅមន្ទីរទេសចរណ៍ខេត្ត និងក្រសួងទេសចរណ៍។
មន្ទីរទេសចរណ៍នឹងរៀបចំគម្រោងសកម្មភាពរបស់ដែលគាំទ្រនៅតាមឃុំ សង្កាត់ ដើម្បីចូលរួមកម្មវិធីវិនិយោគឃុំ សង្កាត់នោះ។